របាយការណ៍ស្តីពីការតាមដានឧប្បត្តិហេតុយាយីដល់អ្នកសារព័ត៌មាន

​​​​​ នៅក្នុងខែមករា ដល់ខែមីនា ឆ្នាំ២០២៦ មានហេតុការណ៍យ៉ាងហោចណាស់ចំនួន ១៣ករណី ត្រូវបានកត់ត្រា ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មានអាជីពចំនួន ៨ នាក់ និងអ្នកសារព័ត៌មានពលរដ្ឋចំនួន ៧ នាក់ នៅទូទាំងប្រទេសកម្ពុជា ។ ហេតុការណ៍ទាំងនេះ បានកើតឡើងក្នុងដំណើរការធ្វើការយកព័ត៌មាន និងផលិតព័ត៌មាន ដែលនាំឱ្យមានការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង ការគំរាមរូបរាងកាយ ការបង្ខំឱ្យលុបមាតិកា និងបណ្តឹងព្រហ្មទណ្ឌជាដើម។ ករណីដែលបានចងក្រងនេះ បានបង្ហាញពីទម្រង់នៃការយាយី និងការដាក់សម្ពាធផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដែលរាយការណ៍អំពីការប្រតិបត្តិការឆបោកតាមអនឡាញ ល្បែងស៊ីសង និងបញ្ហាព្រំដែន។ ហេតុការណ៍ទាំងនេះបង្ហាញឱ្យឃើញពីការរួមតូចនៃលំហសេរីភាពសារព័ត៌មាន ជាពិសេសចំពោះអ្នកសារព័ត៌មានដែលរាយការណ៍បែបស៊ើបអង្កេតលើប្រធានបទពាក់ព័ន្ធនឹងកងកម្លាំងសន្តិសុខ ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ឬបញ្ហាទាក់ទងនឹងព្រំដែន។