របាយការណ៍ស្តីពីបញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០២៥

ការសិក្សានេះវាយតម្លៃអំពីទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ របាយការណ៍នេះ ផ្អែកលើការដកស្រង់ចេញពីការស្រាវជ្រាវលើឯកសារដែលមានស្រាប់ ការស្ទង់មតិតាមអនឡាញជាមួយអ្នកសារព័ត៌មាន និងពលរដ្ឋអ្នកសារព័ត៌មានចំនួន១០៩នាក់ ការពិភាក្សាជាក្រុមចំនួន៤ក្រុម និងការសម្ភាសន៍អ្នកផ្តល់ព័ត៌មានគន្លឹះចំនួន៩ 
ក្រុម។ របាយការណ៍នេះបានរកឃើញថា​​ បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជានៅតែរងសម្ពាធកាន់តែស្មុគស្មាញបើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ 

«របាយការណ៍ស្តីពីបញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០២៥» បានបង្ហាញថាសេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ ដោយអ្នកសារព័ត៌មានចំនួន ៦៩% ដែលបានចូលរួមការស្ទង់មតិ បានរាយការណ៍ពីការព្រួយបារម្ភអំពីការចាប់ខ្លួនដែលជាសម្ពាធខ្លាំងបំផុតសម្រាប់ពួកគាត់ (តួលេខទី៣) និង ៣៩% មានការព្រួយបារម្ភអំពីសុវត្ថិភាព (តួលេខទី៤)។​ 

ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ នៅតែជាបញ្ហាប្រឈមដ៏សំខាន់ ហើយក្នុងករណីខ្លះ ត្រូវបានប្រើប្រាស់មកលើអ្នកសារព័ត៌មានដែលបានបង្កើតបរិយាកាសនៃភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងការដាក់កំហិតខ្លួនឯង។ ការបន្តប្រើប្រាស់បទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌដែលមាននិយមន័យទូលាយជាពិសេស បទញុះញង់ និងបទបរិហារកេរ្តិ៍បានរួមចំណែកបង្កើតបរិយាកាសរឹតត្បិតនេះ។ នៅឆ្នាំ២០២៥ សម្ពាធទាំងនេះបានកើនឡើងបន្ថែមទៀតតាមរយៈការប្រើប្រាស់បទប្បញ្ញត្តិសន្តិសុខជាតិ រួមទាំងមាត្រា ៤៤៥ ដែលមានអ្នកសារព័ត៌មានចំនួនពីរនាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ។ បទប្បញ្ញត្តិថ្មីៗដូចជាប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលចេញផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏បានដាក់ចេញនូវលក្ខខណ្ឌតម្រូវការកាន់តែតឹងរ៉ឹងសម្រាប់ការទទួលស្គាល់សារព័ត៌មាន ដែលបានបង្កើនក្តីបារម្ភអំពីឧបសគ្គដល់អ្នកសារព័ត៌មានសេរី និងពលរដ្ឋអ្នកសារព័ត៌មាន។​