តើការបិទអ៊ីនធឺណិតជាអ្វី? ការណែនាំសម្រាប់សង្គមស៊ីវិលនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

នៅក្នុងសង្គមឌីជីថលនាពេលបច្ចុប្បន្ននេះ ការចូលប្រើអ៊ីនធឺណិតគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរាប់ចាប់ពីការធ្វើអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុ រហូតដល់ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងការសិក្សាតាមអ៊ីនធឺណិត។ នៅពេលដែលការចូលប្រើអ៊ីនធឺណិតត្រូវបានរឹតត្បិត ដូចជា នៅក្នុងបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មួយចំនួន ក្នុងអំឡុងពេលមានភាពចលាចលក្នុងសង្គម ការរស់នៅមានភាពលំបាកជាខ្លាំង។

តើ​អ្វី​ទៅ​ជា​ការ​បិទ​អ៊ីនធឺណិត ហើយ​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល ឬ​អ្នកប្រព្រឹត្តបិទ​អ៊ីនធឺណិត? មានន័យថាជាការកាត់ផ្តាច់ការចូលប្រើអ៊ីនធឺណិតទាំងស្រុង។ ការបិទអ៊ីនធឺណិតរាប់ចាប់ពីការបិទមិនឱ្យចូលមើលគេហទំព័រមួយចំនួន រហូតដល់ការបិទល្បឿនអ៊ីនធឺណិត។ ការយល់ដឹងអំពីប្រភេទផ្សេងៗគ្នានៃការបិទអ៊ីនធឺណិត និងរបៀបដែលវិធីសាស្រ្តនេះត្រូវបានអនុវត្តតាមលក្ខណៈបច្ចេកទេស គឺជារឿងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សង្គមស៊ីវិល ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះវិធានការរំលោភសិទ្ធិទាំងនេះ និងឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវ។

អត្ថបទនេះពន្យល់អំពីប្រភេទនៃការបិទអ៊ីនធឺណិត របៀបដែលការបិទអ៊ីនធឺណិតត្រូវបានអនុវត្តដោយប្រើបច្ចេកវិទ្យាដែលមានស្រាប់ និងរបៀបដែលក្រុមសង្គមស៊ីវិលនឹងឆ្លើយតបដើម្បីធ្វើឱ្យមានការចូលប្រើអ៊ីនធឺណិតដោយសេរី។

ទេវកថា និងការយល់ច្រឡំ

ការបិទអ៊ីនធឺណិតជាការកាត់ផ្តាច់ទាំងស្រុង ឬជាការរឹតត្បិតប្រ​ព័ន្ធអ៊ីនធឺណិត។ យោងតាមនិយមន័យដែលដកស្រង់ចេញពី #KeepItOn ការបិទអ៊ីនធឺណិតគឺជា

«ការរំខានដោយចេតនានៃទំនាក់ទំនងតាមអ៊ីនធឺណិត ឬអេឡិចត្រូនិក ដែលធ្វើឱ្យមិនអាចចូលដំណើរការបាន ឬមិនអាចប្រើប្រាស់បានចំពោះមនុស្សមួយចំនួន ឬនៅក្នុងទីតាំងណាមួយ ជារឿយៗក្នុងគោលបំណងដើម្បីគ្រប់គ្រងលំហូរព័ត៌មាន»។

និយមន័យនេះបង្ហាញថា ការបិទអ៊ីនធឺណិតគឺលើសពីការដែលមិនអាចតភ្ជាប់ទំនាក់ទំនងបាន ដែលរួមមានទាំង ការធ្វើឱ្យរអាក់រអួលសេវាទូរសព្ទចល័ត ការបិទ ឬបន្ថយល្បឿននៃការតភ្ជាប់ ឬជាការបិទកម្មវិធីមួយចំនួន។ ទាំងនេះត្រូវបានគេចាត់ទុកថាជាការបិទអ៊ីនធឺណិត។ 

ងាកមកនិយាយអំពីការរឹតត្បិតលើអ៊ីនធឺណិតវិញ តើមានន័យដូចម្តេច? ខណៈការបិទអ៊ីនធឺណិតអាចត្រូវបានចាត់ទុកថាជាទម្រង់នៃការរឹតត្បិត (ដោយសារតែការធ្វើឱ្យបណ្តាញរអាក់រអួលរារាំងមនុស្សមិនឱ្យបង្ហោះមាតិកា ឬបញ្ចេញមតិយោបល់នៅលើអ៊ីនធឺណិត) មិនមែនគ្រប់ករណីនៃការរឹតត្បិតអ៊ីនធឺណិតត្រូវបានចាត់ទុកថាជាការបិទអ៊ីនធឺណិតនោះទេ។ យោងតាមគេហទំព័រ ​​Access Now ទម្រង់ផ្សេងៗនៃការបិទអ៊ីនធឺណិតអាស្រ័យលើគោលបំណងចម្បងនៃកម្មវិធីដែលត្រូវបានបិទ។ និយមន័យខាងលើបង្ហាញពីការរំខាននៃទំនាក់ទំនងអេឡិចត្រូនិក។ ប្រសិនបើកម្មវិធីដែលត្រូវបានបង្កើតសម្រាប់ទំនាក់ទំនងផ្សេងៗគ្នា ដូចជា WhatsApp, Facebook និង Twitter ត្រូវបានបិទ ករណីទាំងនេះនឹងត្រូវបានចាត់ទុកថាជាការបិទអ៊ីនធឺណិត។ ប៉ុន្តែ នៅពេលដែលកម្មវិធីដែលផ្សព្វផ្សាយមាតិកាជាចម្បងត្រូវបានបិទ ដូចជាគេហទំព័រព័ត៌មាន ករណីទាំងនេះនឹងត្រូវចាត់ទុកថាជាទម្រង់នៃការរឹតត្បិតលើអ៊ីនធឺណិត។

ហេតុផលទូទៅសម្រាប់ការបិទអ៊ីនធឺណិត

ក្រៅ​ពី​ការ​រឹតត្បិត ​និង​ការ​គ្រប់​គ្រង​ព័ត៌មាន អ្នកប្រព្រឹត្ត​​នៃ​ការ​បិទ​អ៊ីនធឺណិត​នៅក្នុងប្រទេសលើកឡើងពី​ហេតុផល​ផ្សេងៗចំពោះការបង្អាក់បណ្តាញទាំងនេះ។ លោក ដានីស ឌូរូ អាយឌីន (Deniz Duru Aydin) អតីតអ្នកប្រឹក្សាគោលនយោបាយនៅ Access Now រៀបរាប់អំពីលេសទូទៅមួយចំនួនរបស់រដ្ឋាភិបាលដូចខាងក្រោម៖ 

  • សន្តិសុខជាតិ៖ នេះជាហេតុផលទូទៅបំផុត និងមិនច្បាស់លាស់សម្រាប់ការបិទអ៊ីនធឺណិត។ អ្វីដែលជាការលំបាកនោះគឺ មនុស្សមានអារម្មណ៍ថា​គ្មានសុវត្ថិភាពនៅពេលដែលពួកគេមិនទទួលបានព័ត៌មាន និងត្រូវបានផ្តាច់ចេញពីមនុស្សជាទីស្រឡាញ់។
  • ការបោះឆ្នោត៖ រដ្ឋាភិបាលបិទអ៊ីនធឺណិតដោយលើកឡើងថាបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការបោះឆ្នោត។ ទោះយ៉ាងណា ជាក់ស្តែង ការបិទអ៊ីនធឺណិតគឺដើម្បីរារាំងការឃ្លាំមើលការបោះឆ្នោត និងទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន និងអ្នកឃ្លាំមើលការបោះឆ្នោត។
  • ការតវ៉ា៖ ការបិទអ៊ីនធឺណិតត្រូវបានធ្វើឡើងក្នុងអំឡុងពេលតវ៉ាដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់។ ទោះយ៉ាងណា ការបិទអ៊ីនធឺណិតគឺដើម្បីរារាំងមនុស្សមិនឱ្យដឹងពីការពិត។ 
  • ការប្រឡងនៅសាលា៖ ការបិទអ៊ីនធឺណិតត្រូវបានធ្វើឡើងដើម្បីលុបបំបាត់ការលួចមើលពេលប្រលង។ ការបិទអ៊ីនធឺណិតប៉ះពាល់ខ្លាំងដល់មនុស្សរាប់លាននាក់។ 
  • ទស្សនកិច្ចរបស់មន្ត្រីរដ្ឋាភិបាល៖ ដើម្បីរក្សាសុវត្ថិភាពមន្ត្រីរដ្ឋាភិបាល ឬមេដឹកនាំបរទេស រដ្ឋាភិបាលសម្រេចបិទអ៊ីនធឺណិតដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការទទួលបានព័ត៌មាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លេសទាំងនេះត្រូវប្រើប្រាស់ដោយរដ្ឋាភិបាលក្នុងបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មួយចំនួន។ តំបន់ទាំងពីរនេះ [អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍] គឺជាទីកន្លែងសម្រាប់អ្នកប្រព្រឹត្តនៅក្នុងការបិទអ៊ីនធឺណិត នេះបើយោងតាមរបាយការណ៍ពី Access Now ។ នៅឆ្នាំ២០២១ មានការបិទអ៊ីនធឺណិតចំនួន ១២៨ ករណីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងប៉ាគីស្ថាន ទោះបីជាតួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះក៏ដោយ។ 

ប្រទេសឥណ្ឌាឈរនៅលំដាប់កំពូលនៃការបិទអ៊ីនធឺណិត ដោយយ៉ាងហោចណាស់មានការបិទអ៊ីនធឺណិតចំនួន ៦៦៥ ករណីចាប់តាំងពីឆ្នាំ២០១២។ ប្រទេសមីយ៉ាន់ម៉ាក៏ជាប្រទេសស្ថិតក្នុងចំណោមប្រទេសដែលមានការបិទអ៊ីនធឺណិតច្រើនដែរ ដោយមានយ៉ាងហោចណាស់ ១៥ ករណីក្នុងឆ្នាំ២០២១ បន្ទាប់ពីរដ្ឋប្រហារយោធា។ ក្នុងអំឡុងពេលមានការតវ៉ាជាសាធារណៈ របបយោធាបានបញ្ជាឱ្យបិទប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចូលប្រើអ៊ីនធឺណិត ហើយប៉ុន្មានឆ្នាំចុងក្រោយនេះបានដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងដើម្បីគ្រប់គ្រងការប្រើប្រាស់អ៊ីនធឺណិតឯកជន

នៅប្រទេសឥណ្ឌូនេស៊ី តំបន់វែសត៍ប៉ាពួ (West Papua) បានរាយការណ៍អំពីការបិទជាច្រើនករណីនៅក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២១ តុលាការបានសម្រេចថាការបិទអ៊ីនធឺណិតចំពេលមានចលាចលក្នុងសង្គមគឺស្របច្បាប់។ ការបិទអ៊ីនធឺណិតក៏ត្រូវបានធ្វើឡើងជាច្រើនករណីនៅក្នុងប្រទេសបង់ក្លាដែសដើម្បីបង្រ្កាបការតវ៉ា គ្រប់គ្រងអស្ថិរភាពជុំវិញភាពតានតឹងផ្នែកសាសនា និងទប់ស្កាត់ពាក្យចចាមអារ៉ាម និងការឃោសនាក្នុងការឈានទៅរកការបោះឆ្នោតជាតិ។ ការបិទអ៊ីនធឺណិតក៏ត្រូវបានគេរាយការណ៍ថាមាននៅក្នុងប្រទេសមួយចំនួនទៀតដូចជា ប្រទេសប៉ាគីស្ថាន ជាពិសេសនៅតំបន់ព្រំដែន, ប្រទេសហ្វីលីពីនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ក្នុងឆ្នាំ២០១៥ និងពិធីបុណ្យផ្សេងទៀត និងប្រទេស​ស្រីលង្កា​ក្នុង​អំឡុង​ពេល​ការ​តវ៉ា​ថ្មីៗ​នេះ​ដែល​កើត​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច។ 

របៀបដែលអ៊ីនធឺណិតដំណើរការ

មុននឹងនិយាយអំពីទិដ្ឋភាពបច្ចេកទេសនៃការបិទអ៊ីនធឺណិត ជារឿងសំខាន់ក្នុងឈ្វេងយល់ពីរបៀបដែលអ៊ីនធឺណិតដំណើរការ។ យោងតាមវចនានុក្រម Oxford អ៊ិនធឺណិតមានន័យថា

«ជាបណ្តាញកុំព្យូទ័រសកលដែលផ្តល់នូវព័ត៌មាន និងមធ្យោបាយទំនាក់ទំនងសម្បូរបែប ដែលរួមមានបណ្តាញអន្តរទំនាក់ទំនងដោយប្រើពិធីការទំនាក់ទំនងស្តង់ដារ»។

វាជាហេដ្ឋារចនាសម្ពន្ធបច្ចេកទេសដែលបង្កើតទំនាក់ទំនងជាសកល។

អ៊ិនធឺណិតគឺជាបណ្តុំកុំព្យូទ័រដែលភ្ជាប់ជាមួយរ៉ោតទ័រ បន្ទាប់មកភ្ជាប់ទៅរ៉ោតទ័រមួយផ្សេងទៀតដែលគ្រប់គ្រងបណ្តុំកុំព្យូទ័រផ្សេងទៀតដែលត្រូវបានតភ្ជាប់។ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP) ភ្ជាប់រ៉ោតទ័រទាំងនេះដោយប្រើខ្សែ ឬឥតខ្សែ។ សម្រាប់អ្នកប្រើប្រាស់ដែលចូលប្រើអ៊ីនធឺណិត ពួកគេប្រើកម្មវិធីរុករកតាមអ៊ីនធឺណិត (internet browsers) នៅលើកុំព្យូទ័ររបស់ពួកគេដើម្បីភ្ជាប់ទៅម៉ាស៊ីនមេ ដែលជាកុំព្យូទ័រឯកទេសមានមុខងាររក្សាទុកទិន្នន័យសម្រាប់គេហទំព័រ ឬកម្មវិធី។

នៅពេលនរណាម្នាក់វាយបញ្ចូលអាសយដ្ឋានគេហទំព័រទៅក្នុងកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់ពួកគ នៅផ្ទៃខាងក្រោយពួកគេនឹងឃើញមានអ្វីមួយចំនួនដូចខាងក្រោម៖

  • កម្មវិធីរុករក (browser) នឹងចូលទៅកាន់ម៉ាស៊ីនមេ DNS ហើយស្វែងរកអាសយដ្ឋានពិធីការអ៊ីនធឺណិត (IP) របស់ម៉ាស៊ីនមេដែលគ្រប់គ្រងគេហទំព័រ។
  • បន្ទាប់ពីកម្មវិធីរុករកស្គាល់ទីតាំងពិតប្រាកដនៃគេហទំព័រ វាបញ្ជូនសំណើ Hypertext Transfer Protocol (HTTP) ទៅកាន់ម៉ាស៊ីនមេ ដោយស្នើសុំបញ្ជូនទិន្នន័យដែលបានស្នើសុំទៅម៉ាស៊ីនភ្ញៀវ។ សារនេះ និងទិន្នន័យផ្សេងទៀតទាំងអស់ដែលត្រូវបានបញ្ជូនរវាងម៉ាស៊ីនភ្ញៀវ និងម៉ាស៊ីនមេ ត្រូវបានបញ្ជូនឆ្លងកាត់តំណភ្ជាប់អ៊ីនធឺណិតដោយប្រើពិធីការការត្រួតពិនិត្យការបញ្ជូន (TCP)/IP។
  • បន្ទាប់មកម៉ាស៊ីនមេនឹងបញ្ជូនសារ “200 OK” និងបញ្ជូនឯកសារគេហទំព័រទៅកាន់កម្មវិធីរុករកជាផ្នែកតូចៗដែលហៅថាកញ្ចប់ទិន្នន័យ។ 
  • កម្មវិធីរុករកនឹងប្រមូលផ្តុំកញ្ចប់ទិន្នន័យទាំងអស់ទៅក្នុងគេហទំព័រពេញលេញមួយ ដើម្បីបង្ហាញទៅអ្នកប្រើប្រាស់។

ដូចដែលបានរៀបរាប់ខាងលើ មានផ្នែកដែលពាក់ព័ន្ធគ្នាជាច្រើននៅពេលចូលប្រើគេហទំព័រ។ នៅពេលមានការបិទអ៊ីនធឺណិត ជាធម្មតា គេកំណត់គោលដៅលើចំណុចទាំងនេះ។ ការឈ្វេងយល់ពីរចនាសម្ពន្ធនៃអ៊ីនធឺណិត និងរបៀបដែលវាដំណើរការ គឺមានសារៈសំខាន់ណាស់ក្នុងការកំណត់ពីចំណុច និងរបៀបដែលអ៊ីនធឺណិតត្រូវបានបិទ។ 

របៀបដែលការបិទអ៊ីនធឺណិតត្រូវបានធ្វើឡើងតាមបច្ចេកទេស

ដូចដែលបានឃើញការពិពណ៌នាសង្ខេបអំពីរបៀបដែលអ៊ីនធឺណិតដំណើរការ រចនាសម្ពន្ធនៃគេហទំព័រពាក់ព័ន្ធនឹងផ្នែកជាច្រើន។ ការបិទអ៊ីនធឺណិតអាចត្រូវបានធ្វើឡើងនៅចំណុចផ្សេងៗនៃបណ្តាញ។ Access Now, Jigsaw និងស្ថាប័នផ្សេងទៀតដែលស្រាវជ្រាវអំពីការបិទអ៊ីនធឺណិតបានកំណត់ចំណុចមួយចំនួនដូចខាងក្រោមថាជាចំណុចទូទៅនៃការបិទអ៊ីនធឺណិត៖ 

  1. ឆ្អឹងខ្នងអ៊ីនធឺណិតអន្តរជាតិ (International internet backbone)៖ ការតភ្ជាប់កាប្លិ៍អុប
    ទិកក្រោមទឹកផ្តល់នូវការភ្ជាប់អ៊ីនធឺណិតល្បឿនលឿន។ ប្រសិនបើមានការខូចខាត ឬការរំខានណាមួយកើតឡើងនៅចំណុចបណ្តាញនេះ អ្នកប្រើប្រាស់ និងសេវាទាំងអស់ដែលស្ថិតនៅក្នុងប្រទេសដែលរងផលប៉ះពាល់ក៏នឹងរងផលប៉ះពាល់ដែរ។
  2. មាត់ច្រកអ៊ីនធឺណិត (Internet gateway)៖ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់អ៊ីធឺណិតក្នុងប្រទេសមួយ ដោយសារវាភ្ជាប់ចរាចរណ៍អ៊ីនធឺណិតអន្តរជាតិទៅកាន់បណ្តាញក្នុងស្រុក។
  3. ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតជាតិ និងក្នុងស្រុក៖ ISPs ផ្តល់ការតភ្ជាប់អ៊ីនធឺណិតទៅកាន់តំបន់មួយចំនួន។ ប្រសិនបើមានការរំខាន អ្នកប្រើប្រាស់ទាំងអស់ដែលភ្ជាប់ទៅបណ្តាញនឹងរងផលប៉ះពាល់។
  4. កន្លែងតែមួយ (អង់តែនទូរសព្ទតែមួយ ឬតំបន់តូចមួយ)៖ ការធ្វើឱ្យបណ្តាញរអាក់រអួលនៅកម្រិតនេះនឹងនាំឱ្យមានការបិទអ៊ីនធឺណិតតែតំបន់នោះប៉ុណ្ណោះ ព្រោះមានតែអតិថិជននៃអង់តែនទូរសព្ទនោះប៉ុណ្ណោះដែលនឹងរងផលប៉ះពាល់។ 

តើអ្នកប្រព្រឹត្តបិទអ៊ីនធឺណិតដោយរបៀបណា? តើមានកុងតាក់ «បើក» និង «បិទ» សម្រាប់អ៊ីនធឺណិត?

នៅពេលដែលរដ្ឋាភិបាលគ្រប់គ្រងហេដ្ឋារចនាសម្ពន្ធអ៊ីនធឺណិត (តាមរយៈអ្នកផ្តល់សេវាដែលគ្រប់គ្រងដោយរដ្ឋ) រដ្ឋាភិបាលអាចរឹតត្បិតលើការចូលប្រើប្រាស់អ៊ីនធឺណិតដោយខ្លួនឯងដោយមិនចាំបាច់ឆ្លងកាត់ភាគីផ្សេងទៀត។ បើមិនដូច្នេះទេ អ្នកប្រព្រឹត្តបញ្ជាឱ្យ ISPs រឹតត្បិតការតភ្ជាប់បណ្តាញ ឬរារាំងគេហទំព័រមួយចំនួន។ ដោយផ្អែកលើគោលបំណងនៃការធ្វើឱ្យបណ្តាញរអាក់រអួល ISPs ប្រើវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តដូចខាងក្រោម៖

  1. ការបិទហេដ្ឋារចនាសម្ពន្ធជាមូលដ្ឋាន៖ ការបិទអ៊ីនធឺណិតប្រភេទនេះបណ្តាលមកពីការលែងដំណើរការ ឬខូចខាតហេដ្ឋារចនាសម្ពន្ធទំនាក់ទំនងដែលចាំបាច់សម្រាប់សេវាអ៊ីនធឺណិត។ ជាក់ស្តែង ដូចជាការខូចបណ្តាញថាមពល ឬអង់តែនទូរសព្ទ។
  2. ការកំណត់ផ្លូវបណ្តាញ (Routing)៖ ការគ្រប់គ្រងចរាចរណ៍បណ្តាញតាមរយៈការផ្លាស់ប្តូរព័ត៌មានដែលត្រូវបញ្ជូននៅចំណុចសំខាន់ៗ (ឧទាហរណ៍ មាត់ច្រកអន្តរជាតិ) ដើម្បីឱ្យចរាចរណ៍បណ្តាញត្រូវបានរារាំង និងមិនឱ្យឆ្លងកាត់លើសពីហេដ្ឋារចនាសម្ពន្ធដែលបានគ្រប់គ្រង។ 
  3. ការគ្រប់គ្រង DNS៖ DNS គឺជាប្រព័ន្ធដាក់ឈ្មោះដែលបំប្លែងឈ្មោះដែនដែលអាចអានបានរបស់មនុស្ស (ដូចជា google.com) ទៅជាអាសយដ្ឋាន IP ដែលម៉ាស៊ីនអាចអានបាន (ដូចជា 142.251.32.46)។ នៅពេលរៀបចំ ព័ត៌មាន DNS អាចបណ្តាលឱ្យសេវាគោលដៅត្រូវបានបិទ។ ការណ៍នេះកើតឡើងនៅពេលដែលព័ត៌មាន DNS ត្រូវបានរៀបចំដើម្បីដឹកនាំអ្នកប្រើប្រាស់ទៅកាន់ម៉ាស៊ីនមេដែលមិនមានស្រាប់ ឬម៉ាស៊ីនមេដែលគ្រប់គ្រងដោយអ្នកប្រព្រឹត្ត។
  4. ការច្រោះ៖ នៅក្នុងប្រភេទនៃការបិទអ៊ីនធឺណិតនេះ ឧបករណ៍ចម្រោះពាណិជ្ជកម្ម និងឧបករណ៍ប្រូកស៊ី (proxy) ថ្លា ត្រូវបានប្រើដើម្បីទប់ស្កាត់ការចូលប្រើសេវាអ៊ីនធឺណិត។ ឧបករណ៍ចម្រោះទាំងនេះដំណើរការដោយការវិភាគសំណុំទិន្នន័យ (metadata) ពីចរាចរណ៍បណ្តាញ ហើយបន្ទាប់មកអនុញ្ញាត ឬទប់ស្កាត់ការចូលប្រើប្រាស់ដោយផ្អែកលើសំណុំទិន្នន័យនោះ។ 
  5.  ការបិទខ្ទប់ទិន្នន័យ (Throttling)៖ នៅក្នុងប្រភេទនៃការបិទអ៊ីនធឺណិតនេះ លំហូរទិន្នន័យតាមរយៈបណ្តាញត្រូវបានរឹតត្បិត ប៉ុន្តែមិនត្រូវបានបញ្ឈប់ទាំងស្រុងនោះទេ។ ល្បឿនអ៊ីនធឺណិត ឬសេវាណាមួយដើរយឺតជាងមុន ដើម្បីឱ្យសេវា ឬធនធានមិនអាចប្រើប្រាស់បានទាំងស្រុង ឧទាហរណ៍ ការទម្លាក់ល្បឿនអ៊ីនធឺណិតទូរសព្ទចល័តទៅ 2G ឬកំណត់ល្បឿនទិន្នន័យ។
  6.  Deep Packet Inspection (DPI)៖ នៅក្នុងប្រភេទនៃការបិទអ៊ីនធឺណិតនេះ ទិន្នន័យបណ្តាញត្រូវបានតាមដាន និងត្រួតពិនិត្យ។ ប្រសិនបើកញ្ចប់ទិន្នន័យត្រូវបានរកឃើញថាមិនអនុលោមតាមលក្ខណៈវិនិច្ឆយដែលកំណត់ដោយអ្នកប្រព្រឹត្តក្នុងការបិទអ៊ីនធឺណិត នោះកញ្ចប់ទិន្នន័យត្រូវបានរារាំងមិនឱ្យឆ្លងកាត់ចំណុចត្រួតពិនិត្យ។
  7. ការធ្វើឱ្យសេវារអាក់រអួល (DoS)៖ ការវាយប្រហារប្រភេទនេះគឺដើម្បីបិទម៉ាស៊ីន ឬបណ្តាញ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលប្រើប្រាស់បាន។ ចរាចរណ៍ក្លែងក្លាយត្រូវបានបញ្ជូនទៅកាន់កម្មវិធី ឬម៉ាស៊ីនមេគោលដៅ ដើម្បីធ្វើឱ្យវានៅតែដំណើរការ និងរារាំងការផ្ដល់ទិន្នន័យដល់អ្នកប្រើប្រាស់។

លើកកម្ពស់ការយល់ដឹងអំពីការបិទអ៊ីនធឺណិត

ស្ថាប័នស្រាវជ្រាវជាច្រើន និងក្រុមសង្គមស៊ីវិលកំពុងត្រួតពិនិត្យ និងតាមដានការបិទអ៊ីនធឺណិតនៅទូទាំងពិភពលោក ក្នុងនោះរួមមាន Open Observatory of Network Interference (OONI) ដែលបានបង្កើតកម្មវិធីទូរសព្ទដើម្បីវាស់ស្ទង់ការបិទគេហទំព័រ និងផ្សព្វផ្សាយទិន្នន័យនេះនៅលើ OONI Explorer។ គម្រោងរុករក និងការវិភាគការដាច់អ៊ីនធឺណិត (IODA) ត្រួតពិនិត្យអ៊ីនធឺណិតដើម្បីកំណត់អំពីការដាច់អ៊ីនធឺណិតដែលប៉ះពាល់ដល់គែមនៃបណ្តាញ ខណៈ Censored Planet ប្រមូលទិន្នន័យនៅក្នុងប្រទេសជាង ២០០ ដើម្បីកំណត់ថាមាន ឬមិនមានការរឹតត្បិតអ៊ីនធឺណិត។ បើយោងតាម  Transparency Reports ក្រុមហ៊ុន Google បានចេញផ្សាយទិន្នន័យស្តីពីចរាចរណ៍អ៊ីនធឺណិត ដោយកត់ត្រាការរំខានដល់ការចូលប្រើក្នុងពេលជាក់ស្តែងដែលបង្ហាញពីការបិទអ៊ីនធឺណិត។ របាយការណ៍ និងធនធានស្រាវជ្រាវជាច្រើនក៏ត្រូវបានចេញផ្សាយផងដែរ ដើម្បីចងក្រងឯកសារអំពីការបិទអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបោះពុម្ពដោយក្រុមហ៊ុនមួយចំនួន ដូចជា OONI, Access Now និង EngageMedia

ការងារត្រួតពិនិត្យ និងការកត់ត្រាអំពីការបិទអ៊ីនធឺណិតនេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងដាក់សម្ពាធដល់អាជ្ញាធរដើម្បីឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវចំពោះការរំលោភសិទ្ធិទាំងនេះ។ ខណៈរដ្ឋាភិបាលបង្ហាញអំពីភាពត្រឹមត្រូវនៃការបិទអ៊ីនធឺណិតជាការចាំបាច់សម្រាប់សន្តិសុខជាតិ និង សណ្តាប់ធ្នាប់សាធារណៈ វិធានការទាំងនេះធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ រារាំងអ្នកសារព័ត៌មាន និងសកម្មជនមិនឱ្យធ្វើការងាររបស់ពួកគេ និងចំណាយច្រើនផ្នែកសេដ្ឋកិច្ច នយោបាយ និង
សង្គម។

តាមរយៈការចងក្រងឯកសារអំពីការបិទអ៊ីនធឺណិត និងការបង្កើនចំណេះដឹង និងការយល់ដឹងជាសាធារណៈដើម្បីចៀសវាង និងការរាយការណ៍ពីការរឹតត្បិតការចូលប្រើប្រាស់ អ្នកតស៊ូមតិសិទ្ធិឌីជីថល និងសង្គមស៊ីវិលអាចប្រឹងប្រែងជា​បន្តទៀតដើម្បីទប់ទល់នឹងការរឹតត្បឹតផ្នែកឌីជីថលនេះ៕  

Leave a Reply

Your email address will not be published. Required fields are marked *