លទ្ធផលវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការឆ្នោតជាតិ២០២៣

រាជធានីភ្នំពេញ៖ អ្នកសារព័ត៌មានអាជីព ពលរដ្ឋអ្នកសារព័ត៌មាន អ្នកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជន បានស្នើឱ្យអាជ្ញាធរកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មានបន្ថែមទៀត និងអន្ដរាគមន៍ជាបន្ទាន់ក្នុងករណីមានការគំរាមកំហែងអ្នកសារព័ត៌មានក្នុងអំឡុងពេលបោះឆ្នោតជាតិនាពេលខាងមុខ។ កន្លងមកស្ថានភាពអ្នកសារព័ត៌មានអាជីព និងពលរដ្ឋអ្នកសារព័ត៌មាន ស្ថិតនៅក្នុងសម្ពាធនៃការរិតត្បិតសេរីភាព នៅពេលចុះទៅយកព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរៀបចំវេទិកាប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយភាពជោគជ័យ។ វេទិកានេះមានអ្នកចូលរួមចំនួន១២៥នាក់/អង្គ ក្នុងនោះ មានស្រ្តីចំនួន៣០នាក់ រួមមានអង្គការដៃគូអភិវឌ្ឍន៍ និងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការសង្គមស៊ីវិល យុវជន ពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន។

នៅក្នុងវេទិកានេះ អ្នកចូលរួមបានលើកឡើងពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មានពេលចុះយកព័ត៌មាន​អំឡុង​ពេលបោះឆ្នោតកន្លងមក ដូចជាការរិតត្បិតលើការចុះយកព័ត៌មានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ការមិនអនុញ្ញាតឲ្យចូលយកព័ត៌មាន និងថតរូបនៅតាមការិយាល័យបោះឆ្នោតពីសំណាក់មន្ត្រី​គ.ជ.ប មួយចំនួន ការថតរូប និងកាតរបស់អ្នកសារព័ត៌មាន និងការផ្តល់សេវាផ្លូវច្បាប់ជួយដល់អ្នកសារព័ត៌មានអំឡុងពេលបោះឆ្នោត និងការគោរពតាមក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោតរបស់ គ.ជ.ប ជាដើម។

ចំណុចសំខាន់មួយកើតចេញពីវេទិកានេះ គឺអ្នកចូលរួមភាគច្រើន ជាពិសេសពលរដ្ឋអ្នកសារព័ត៌មានចង់ឃើញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បើកឱកាសឱ្យពលរដ្ឋអ្នកសារព័ត៌មាន ក៏ដូចជា ពលរដ្ឋទូទៅអាចចូលរួមឃ្លាំមើល និងសង្កេតការណ៍ដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខនេះ ព្រមទាំងបង្កើនការគាំទ្រ និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន និងការពារសុវត្ថិភាពដល់ពួកគេនៅក្នុងអំឡុងពេលបោះឆ្នោតផងដែរ ។

មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតបានថ្លែងស្វាគមន៍ និងសន្យាពាំនាំសំណើនេះយកទៅពិនិត្យនិងពិចារណាក្ដី មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ  ចង់ឃើញកង្វល់ទាំងអស់នេះត្រូវបានគិតគូឱ្យបានឆាប់រហ័ស និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រុមការងារ គ.ជ.ប ក្នុងសំណើដាក់បញ្ចូលភាគីពលរដ្ឋអ្នកសារព័ត៌មាន និងស្នើសុំចុះឈ្មោះពួកគេជាអ្នកសង្កេតការណ៍បោះឆ្នោត។

ការអនុញ្ញាតឲ្យពលរដ្ឋ ឬពលរដ្ឋអ្នកសារព័ត៌មាន អាចធ្វើការឃ្លាំមើល និងសង្កេតការណ៍បោះឆ្នោតជាតិខាងមុខ គឺជាសក្ខីភាពបង្ហាញថា អាជ្ញាធរកម្ពុជាបានបំពេញកាតព្វកិច្ចគោរពសិទ្ធិ និងឆន្ទៈម្ចាស់ឆ្នោត ហើយវាក៏ជួយឱ្យគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត អាចយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈមនានាពីពលរដ្ឋផ្ទាល់នៅថ្នាក់មូលដ្ឋាន ដើម្បីរៀបចំគោលនយោបាយមានប្រសិទ្ធភាព និងឆ្លើយតបចំពោះការសន្យារបស់ខ្លួននៅមុនការបោះឆ្នោត។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏ស្នើសុំយ៉ាងទទូចផងដែរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យមានការបើកចំហសេរីភាពបន្ថែមទៀត លើការចុះយកព័ត៌មាន និងផ្តិតយករូបភាពពីមណ្ឌលបោះឆ្នោតនីមួយៗរបស់អ្នកសារព័ត៌មានអាជីព និងជួយអន្តរាគមន៍ចំពោះការគំរាមកំហែង និងការរើសអើងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យពួកគេមានលទ្ធភាពផ្តល់ព័ត៌មានអំពីការបោះឆ្នោតឱ្យ​បានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ៕

Leave a Reply

Your email address will not be published. Required fields are marked *